តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ស្នើ​ទៅ​រដ្ឋសភា​ជា​ផ្លូវ​ការ ដើម្បី​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត


តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៣៣រូប ដឹកនាំដោយលោកសុន ឆ័យ នៅថ្ងៃសុក្រម្សិលមិញនេះ បានសរសេរលិខិតមួយច្បាប់ទៅកាន់ប្រធានរដ្ឋសភាលោកហេង សំរិន ដើម្បីស្នើសុំឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ គោលដៅនៃសំណើធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនិងរស់នៅឯបរទេស ទទួលបានសិទ្ធិបោះឆ្នោត។

នៅក្នុងលិខិតស្នើទៅកាន់ប្រធានរដ្ឋសភា ប្រធានក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំង គឺលោក សុន ឆៃ បានលើកឡើងពីប្រវត្តិការបោះឆ្នោតលើកដំបូងនៅកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិឆ្នាំ១៩៩៣។ ជាការបោះឆ្នោត ដែលបានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែររស់នៅទាំងក្នុងនិងក្រៅប្រទេស មានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំស្របទៅតាមឆន្ទៈ និងបំណងរបស់ខ្លួន។

ប៉ុន្តែយ៉ាងណាក៏ដោយ ប្រធានក្រុមតំណាងរាស្ត្របក្សប្រឆាំង កត់សម្គាល់ឃើញថា ការបោះឆ្នោតជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩៣នោះ ប្រជាពលរដ្ឋដែលធ្វើការឬរស់នៅក្រៅប្រទេស មិនមានសិទ្ធិបោះឆ្នោតដូចមុនទេ។ នោះក៏ព្រោះតែចន្លោះប្រហោងនៃច្បាប់បោះឆ្នោត។

ក្នុងន័យនេះហើយទើប លោក សុន ឆ័យ និងតំណាងរាស្ត្របក្សប្រឆាំងឯទៀត សម្រេចស្នើសុំ ធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី៦ខែមីនាឆ្នាំ២០១៥។ សេចក្ដីស្នើច្បាប់នេះ មានតែ៣មាត្រាប៉ុណ្ណោះ និងគ្មានគោលដៅអ្វីក្រៅតែពីឈានទៅបើកផ្លូវឲ្យប្រជាពលរដ្ឋខ្មែរដែលធ្វើការនិងរស់នៅក្រៅប្រទេស អាចចូលរួមបោះឆ្នោតបាន ស្របតាមសិទ្ធិ និងអនុលោមទៅតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេស។

ជាការកត់សម្គាល់ រហូតមកទល់ថ្ងៃសៅរ៍ ទី១២សីហានេះ លិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនទាន់បានទៅដល់ដៃរដ្ឋសភានៅឡើយ។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅមិនទាន់បានទទួលសេចក្ដីស្នើច្បាប់របស់តំណាងរាស្ត្រគណបក្សប្រឆាំងនៅឡើយ។ យ៉ាងណាក៏ដោយនៅពេលបានទទួលសេចក្ដីស្នើច្បាប់នោះ លោក ឡេង ប៉េងឡុង គូសបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងចាត់ការបន្តទៅតាមនីតិវិធី៕ – News by RFI Khmer

Read: the whole proposal law for amendment at the National Assembly to provide right to vote for all Cambodians overseas
1 2 3 4 5 6 7 8 9 9-1 9-2