អបអរទិវាសិទ្ធិមនុស្ស១០ឆ្នូ២០២៤
ទិវាសិទ្ធិមនុស្ស១០ធ្នូ
Human Rights Day
អ្វីគឺសិទ្ធិមនុស្ស? បដិវាទកម្ម ដំណោះស្រាយ និងជំហានទៅមុខ What is Human Rights? Controversies, Solution, and Future
សំគាល់៖ អ្នកចុះឈ្មោះចូលរួមនឹងទទួលបានសញ្ញាប័ត្រសំគាល់កំរិត១ ពីអង្គការដឺស៊ីរ៉ក់ Participants shall receive the Level 1 Participation Certificate from the CEROC
ពេលអ្នកសម្រេចបានសញ្ញាប័ត្រទាំង១០កំរិត អ្នកនឹងទទួលបានសញ្ញាប័ត្រថ្នាក់បញ្ចប់ឈ្មោះ ភាពជាអ្នកដឹកនាំឆ្នេីម ពីអង្គការដឺស៊ីរ៉ក់ When you completed all 10 levels, you shall receive the Gradute Certificate named “Outstanding Leadership Certificate” from the CEROC
#ទិវាសិទ្ធិមនុស្ស #HumanRightsDay
https://www.facebook.com/share/18bEDYQ184/
សិទ្ធិមនុស្សក្នុងផ្នត់គំនិតថ្នាក់ដឹកនាំខ្មែរ គួរតែផ្លាស់ប្ដូរឲ្យទាន់សម័យ
ចុះផ្សាយនៅថ្ងៃ៖ 14/12/2020 – 06:56
ថ្ងៃទី១០ធ្នូកន្លងទៅនេះ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ បើទោះបីជារៀបចំឡើងយ៉ាងស្ងៀមស្ងាត់នៅក្នុងបរិបទកូវីដ១៩ក៏ដោយ ក៏គេនៅតែបានឮពីការប្ដេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធ ទាំងអង្គការសង្គមស៊ីវិល ទាំងអតីតបក្សប្រឆាំង ទាំងរដ្ឋាភិបាលបក្សកាន់អំណាច សុទ្ធតែបានអះអាងពីឆន្ទៈរបស់ខ្លួនក្នុងការលើកស្ទួយការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែយ៉ាងណាក៏ដោយ គេកត់សម្គាល់ឃើញថា ការរំលោភសិទ្ធិមនុស្សនៅតែមានវត្តមាននៅឡើយក្នុងសង្គមខ្មែរ ដែលជាទូទៅបានបង្កប់ក្នុងផ្នត់គំនិតដឹកនាំបែបចាស់គំរឹល។
នៅពេលនិយាយដល់សិទ្ធិមនុស្ស រដ្ឋាភិបាលតែងរម្លឹកពីការរំដោះប្រទេសចេញពីរបបខ្មែរក្រហម ដើម្បីបង្ហាញពីស្នាដៃរបស់ខ្លួនសម្រាប់បុព្វហេតុគោរពសិទ្ធិមនុស្សនៅកម្ពុជា។ គណបក្សកាន់អំណាចចង់រំលេចឲ្យឃើញថា ខ្លួនពិតជាបាននាំមកនូវសិទ្ធិសេរីភាពដ៏សំខាន់ដល់ប្រជាជនកម្ពុជា នោះគឺសិទ្ធិរស់រានមានជីវិត ដែលធ្លាប់ត្រូវបានដកហូតដោយពួកខ្មែរក្រហម។ សម្រាប់បក្សកាន់អំណាច សមិទ្ធផលទាំងឡាយដែលប្រជាជនកម្ពុជាមាននៅពេលនេះគឺបានមកដោយសារ ថ្ងៃ៧មករា។ ហេតុផលនេះមិនខុសឡើយពីព្រោះថាកាលណោះ ការបន់ស្រន់ដ៏សំខាន់បំផុតរបស់ពលរដ្ឋខ្មែរគ្រប់រូប គឺសុំឲ្យមានអ្នកជួយសង្គ្រោះចេញពីរបបមច្ចុរាជខ្មែរក្រហម។
ពិតណាស់ បើធៀបនឹងរបបប៉ុលពត អ្វីដែលកម្ពុជាមានសព្វថ្ងៃពិតជាសមិទ្ធផលដ៏សម្បើមមួយ។ ប៉ុន្តែ សិទ្ធិសេរីភាពរបស់មនុស្ស មិនមែនត្រឹមតែការរស់រានមានជីវិតនោះទេ តែមនុស្សត្រូវការសិទ្ធិសេរីភាពច្រើនជាងនេះ ទៅតាមការវិវឌ្ឍនៃសង្គម បរិយាកាសដែលខ្លួនកំពុងរស់នៅ។
បច្ចុប្បន្ន ពោលគឺ៤០ឆ្នាំក្រោយរបបប៉ុលពតដួលរលំ សេចក្តីត្រូវការរបស់ពលរដ្ឋខ្មែរប្រែប្រួលខុសពីរបបខ្មែរក្រហមឆ្ងាយណាស់។ ខណៈដែលប្រជាជនមួយក្រុមដែលមានអំណាចនិងមានប្រាក់ កំពុងរស់នៅដោយសមបំណង ប្រជាជនខ្មែរមួយក្រុមទៀតដែលជាអ្នកក្រីក្រ ជាពិសេសអ្នករងគ្រោះដោយសារបញ្ហាដីធ្លីនិងដោយសារអយុត្តិធម៌សង្គមផ្សេងទៀត ហាក់នៅមានអារម្មណ៍ថា ខ្លួនកំពុងរស់ក្នុងសង្គមបរិយាកាសដែលរងការរំលោភបំពានសិទ្ធិ មិនខុសឆ្ងាយពី៤០ឆ្នាំមុនប៉ុន្មានឡើយ។ នេះនៅមិនទាន់រាប់ដល់សិទ្ធិក្នុងការធ្វើនយោបាយ សិទ្ធិបញ្ចេញមតិ និងសិទ្ធិទទួលបានប្រាក់កម្រៃសមរម្យផងទេ។
មានមូលហេតុច្រើនយ៉ាងដែលបណ្តាលឲ្យមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ មូលហេតុសំខាន់ជាងគេគឺមកពីមន្ត្រីមានអំណាចដើរមិនទាន់សភាពការណ៍វិវឌ្ឍរបស់ប្រទេសជាតិ។ ៤០ឆ្នាំកន្លងផុតទៅ មន្ត្រីមួយចំនួនជាពិសេសគឺមន្ត្រីអាជ្ញាធរមូលដ្ឋានតែម្តង នៅតែគិតថា អំណាចអាចធ្វើអ្វីក៏បាន ហើយពួកគេនៅតែប្រើវិធីគ្រប់គ្រងមនុស្សតាមបែបចាប់បង្ខំដដែល។
ជាក់ស្តែង សមត្ថកិច្ចខ្លះនៅតែប្រើវិធីគំរាមកំហែងកុំឲ្យពលរដ្ឋប្រឆាំងតវ៉ាជាមួយខ្លួន។ អាជ្ញាធរនៅតែប្រើវិធីរារាំងសូម្បីតែការដើរដង្ហែក្បួនដោយសន្តិវិធី ដែលមានមនុស្សតែប៉ុន្មានសិបនាក់ចូលរួម។ មន្ត្រីអ្នកមានបុណ្យស័ក្តិខ្លះទៀតនៅតែគិតថា អំណាចអាចការពារពួកគេឲ្យផុតពីសំណាញ់ច្បាប់បាន។ ផ្នត់គំនិតទាំងនេះមិនត្រឹមតែជាបុព្វហេតុនាំឲ្យមានការរំលោភសិទ្ធិមនុស្សប៉ុណ្ណោះទេ តែវាក៏ធ្វើឲ្យវប្បធម៌និទណ្ឌភាពបន្តមានអត្ថិភាពមិនងាយគាស់រំលើងឲ្យអស់ពីកម្ពុជាផងដែរ។ និយាយដោយខ្លី អ្នកនយោបាយ ឬមន្ត្រីអាជ្ញាធរមួយចំនួន ហាក់ដូចជាទទួលបានផ្នត់គំនិតថ្មីតាមបែបប្រជាធិបតេយ្យ តិចជាងប្រជាពលរដ្ឋរបស់ខ្លួនផង។
ដូច្នេះ ដើម្បីលើកស្ទួយការគោរពសិទ្ធិមនុស្សនៅកម្ពុជា គេត្រូវផ្តើមពីការផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកនយោបាយនិងជាពិសេសគឺមន្ត្រីនិងអាជ្ញាធរមានអំណាចតែម្តង។ របៀបដឹកនាំដែលបង្ខំឲ្យគេជឿ «រឿងខុសថាជាត្រូវ»លែងមានប្រសិទ្ធភាពទៀតហើយ ក្នុងបរិបទដែលពលរដ្ឋយល់ដឹងច្រើនជាងមុន។ រីឯការលាក់បាំងព័ត៌មានក៏មិនអាចទៅរួចទៀតដែរ ក្នុងបរិបទដែលបណ្តាញផ្សាយព័ត៌មានរីកដុះដាលព្រោងព្រាត។
សរុបមកវិញ អំណឹះតទៅ ប្រសិទ្ធភាពនៃការដឹកនាំគឺស្ថិតនៅលើការព្យាយាមស្វែងយល់ពីសេចក្តីត្រូវការរបស់ពលរដ្ឋ និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ពួកគេឲ្យបានសមស្រប។ នេះជាវិញ្ញាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលអ្នកនយោបាយត្រូវប្រឡងប្រជែងគ្នា។ អ្នកណាឈ្នះក្នុងវិញ្ញាសានេះនឹងទទួលបានការផ្តល់ពិន្ទុល្អពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។ រីឯអ្នកចាញ់នឹងត្រូវគេផាត់ចេញពីសង្វៀនជាស្វ័យប្រវត្តិ៕
Source: RFI