សេចក្តីថ្លែងការណ៍ស្តីអំពីការរំលោភលើសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេសសំរាប់២៥ឆ្នាំប៉ារីស

ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសត្រូវបានគេរំលោភសិទ្ធិចូលរួមបោះឆ្នោត

អស់រយះពេល២៥ឆ្នាំតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១

សំរាប់ខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ១៩៩១ – ២៣ តុលា ២០១៦ នេះ ប្រជា ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសត្រូវបានគេបំពានលើសិទ្ធិចូលរួមនយោបាយមួយគឺការចូលរួមបោះឆ្នោតនូវរាល់ការបោះឆ្នោតជាតិម្តងៗ។ នៅសម័យអ៊ុនតាក់ឆ្នាំ១៩៩៣ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅពេលនោះបាន សំរួលដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសបានចូលរួមបោះឆ្នោត។

តែចាប់ពីឆ្នាំ១៩៩៨មក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីបានរំលោភសិទ្ធិចូលរួមនយោបាយ គឺការចូលរួមបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ពីទីតាំងដែលខ្លួនកំពុងរស់នៅ កំពុងធ្វើការ និងកំពុងសិក្សា រៀនសូត្រ។ ថ្វីត្បិតតែក្នុងកំឡុងពេលដែលមានការចុះឈ្មោះបោះឆ្នោតរវាងថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៦នេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់គឺមានន័យថាទាំងពលករចំណាកស្រុក ទាំងសិស្សនិស្សិត មន្ត្រី រាជការ និងខ្មែរដែលរស់នៅអចិន្ត្រៃយ៍តាមបណ្តារប្រទេសជឿនលឿនទាំងឡាយមិនបានចូលរួមចុះឈ្មោះបោះឆ្នោត ដោយងាយស្រួលឡើយ។ បើពួកគេចង់ចុះឈ្មោះគឺពួកគេត្រូវជិះយន្តហោះទៅស្រុកកំណើតរបស់ខ្លួន ដែលប្រការ នេះមានការចំណាយយ៉ាងច្រើនទាំងពេលវេលា ទាំងធនធាន។

ប្រការនេះគឺជាការរំលោភទៅលើស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសយ៉ាងប្រត្យក្ស។

អង្គការដឺស៊ីរ៉ក់សូមអំពាវនាវដល់រាជរដ្ឋាភិបាលក្រុងភ្នំពេញជួយសំរួលនិងអនុញ្ញាតអោយមានការចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោតនៅតាមបណ្តារទីតាំងនានាជុំវិញពិភពលោកដែលមានប្រជាពលរដ្ឋខ្មែរ រស់នៅកុះករដើម្បីគោរពអោយបានត្រឹមត្រូវតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សូមអរព្រះគុណ និង សូមអរគុណ

ធ្វើនៅប្រទេសកាណាដា ថ្ងៃទី២៣ តុលា ២០១៦

គណៈក្រុមប្រឹក្សាគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេស

Press-release-regarding-rights-violation-of-cambodians-overseas-in-political-participation-according-to-the-spirit-of-ppa

public-s