គ្មានការបោះឆ្នោតដោយសេរីទេ ប្រសិនបើមិនមានសេរីភាព
Op-Ed: Post Khmer
គ្មានការបោះឆ្នោតដោយសេរីទេ ប្រសិនបើមិនមានសេរីភាព
គេទទួលស្គាល់ជាសកលថា សេរីភាពនៃការបញ្ចេញមតិ គឺជាសេរីភាពមូលដ្ឋាន ដែលរាល់ប្រទេសប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ត្រូវតែលើកកម្ពស់។ ស្របតាមគោលការណ៍នេះ រដ្ឋធម្មនុញ្ញកម្ពុជា បានចែងជាឱឡារិកអំពីសេរីភាពនៃការបញ្ចេញមតិនៅក្នុងមាត្រា ៤១។ ទោះយ៉ាងណាក្តី សារសំខាន់នៃសេរីភាពមូលដ្ឋានជាញឹកញាប់មិនត្រូវបានយល់ច្បាស់ទេ។
ដោយសារសេរីភាពនៃការបញ្ចេញមតិ គឺជាគោលគំនិតដែលមានប្រភពមកពីលោកខាងលិច ខ្ញុំនឹងប្រើប្រាស់ទ្រឹស្តីស្តីពីសេរីភាពដែលត្រូវបានបង្កើតឡើងជាទូទៅនេះនៅក្នុងប្រពៃណីអាមេរិកនៃច្បាប់រដ្ឋធម្មនុញ្ញ។ ប្រពៃណីច្បាប់ទំនើបនេះផ្តល់នូវហេតុផលបួនដែលសេរីភាពនេះត្រូវតែមាននិងត្រូវតែអនុវត្ត។
ទីមួយៈ សេរីភាពនេះនឹងបង្កើតឲ្យមានអារម្មណ៍អភិបាលកិច្ចដោយខ្លួនឯងសម្រាប់ប្រជាជន។ ការនិយាយដោយសេរីគឺសំខាន់ណាស់នៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ពីព្រោះអ្នកបោះឆ្នោត អាចមានឥទ្ធិពលបំផុតទៅលើការជ្រើសរើសគោលនយោបាយរបស់រដ្ឋាភិបាល តាមរយៈសេរីភាពនៃការនិយាយស្តី និងអាចវាយតម្លៃសមត្ថភាពបេក្ខជនបានយ៉ាងល្អ តាមរយៈការពិភាក្សាគ្មានកំហិត អំពីគំនិតនិងអំពើរបស់បេក្ខជននោះ។ ម្យ៉ាងទៀត នៅក្នុងរបបប្រជាធិបតេយ្យសេរី ប្រជាជនត្រូវតែមានសេរីភាពក្នុងការបញ្ចេញមតិ។ នេះគួរតែដូចគ្នាដែរ នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងជាឱឡារិកថា អំណាចទាំងអស់គឺបានមកពីប្រជាជន (មាត្រា ៥១)។ ប្រជាធិបតេយ្យតំណាងរាស្ត្រ មិនមែនមានន័យថា ប្រជាជនឈប់និយាយនោះទេ។ សមត្ថភាពរិះគន់រដ្ឋាភិបាលគឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យសេរី។
ទីពីរៈ ការនិយាយដោយសេរីគឺជាមុខងារនៃយន្តការស្វែងរកការពិត ហើយការពិត ពិតប្រាកដនឹងអាចរកឃើញដោយងាយស្រួល។ នេះគឺដោយសារតែការពិភាក្សាដោយចំហដែលជាញឹកញាប់ឈានទៅដល់ការស្វែងរកអ្វីត្រូវ អ្វីខុស។ វាស្ទើរតែពិបាករកជម្រើសអ្វីប្រសើរជាងនេះ។ គ្មានពលរដ្ឋណាដែលនឹងនិយាយថា រដ្ឋាភិបាលគឺជាស្ថាប័នតែមួយគត់ដែលអាចកំណត់អ្វីត្រូវឬខុសនោះទេ។ ដូចដែលយើងដឹងហើយថា រដ្ឋធម្មនុញ្ញកម្ពុជា ចែងអំពីគោលគំនិត នៃការស្វែងរកការពិតពីប្រជាជន ជាឧទាហរណ៍តាមរយៈសមាជជាតិ (មាត្រា ១៤៧) ដែលនៅក្នុងអំឡុងសមាជនោះ ប្រជាជននឹងអាចនិយាយដោយផ្ទាល់ អំពីថា តើគោលនយោបាយរបស់រដ្ឋាភិបាលប្រព្រឹត្តទៅដោយល្អឬមិនល្អ?
ទីបីៈ សេរីភាពនៃការបញ្ចេញមតិគឺធ្វើឲ្យមានភាពរីករាយក្នុងនាមជាមនុស្ស។ វាមានតែតាមរយៈការនិយាយដោយសេរីទេដែលមនុស្សម្នាក់អាចនឹងឃើញអំពីភាពជាមនុស្សរបស់ខ្លួន។ ការបញ្ចេញគំនិតមតិគឺជារបៀបដែលមនុស្សម្នាក់នឹងកំណត់អំពីខ្លួនឯង។ អង្គការសង្គមស៊ីវិលតំណាងឲ្យសំឡេងប្រជាជន និងបានដើរតួយ៉ាងសំខាន់នៅក្នុងដំណើរការប្រជាធិបតេយ្យ រួមទាំងកម្មវិធីអប់រំអ្នកបោះឆ្នោត ការរៀបចំការពិភាក្សា និងវេទិកាសម្រាប់គណបក្សនយោបាយទាំងអស់ដើម្បីកែលម្អឲ្យមានការប្រកួតប្រជែងស្មើភាពគ្នា ការធ្វើការសិក្សាវាស់ស្ទង់អំពីការបោះឆ្នោត ការតាមដានការបោះឆ្នោត និងការបញ្ចេញមតិយោបល់ឯករាជ្យតាមរយៈការធ្វើសេចក្តីថ្លែងការណ៍និងការផ្តល់អត្ថាធិប្បាយផ្សេងៗជាដើម។
ទោះជាយ៉ាងណាក្តី សេចក្តីព្រាងច្បាប់បច្ចុប្បន្ន ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត សមាជិកសភា (មាត្រា ៨៤) មានចេតនាដាក់កំហិតសេរីភាពនិងសិទ្ធិរបស់អង្គការសង្គមស៊ីវិល ក្នុងការអនុវត្តសកម្មភាពខាងលើ និងរារាំងអង្គការសង្គមស៊ីវិលមិនឲ្យធ្វើការអប់រំពលរដ្ឋ ដែលអាចជួយពលរដ្ឋធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ប្រសិនបើមិនមានការងាររបស់សង្គមស៊ីវិលអ្នកបោះឆ្នោតនឹងធ្វើការសម្រេចចិត្តទៅតាមការរៀបចំរបស់គណបក្សនយោបាយ។
ជាងនេះផងដែរ ច្បាប់នេះអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការ ធ្វើសកម្មភាពនយោបាយ និងយុទ្ធនាការបោះឆ្នោតក្រៅម៉ោងការងារ ឬនៅពេលពួកគេមិនកំពុងបំពេញកាតព្វកិច្ច។ នៅក្នុងប្រទេសប្រជាធិបតេយ្យជាច្រើន មន្ត្រីទាំងនេះត្រូវបានតម្រូវឲ្យអព្យាក្រឹត និងហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយនិងយុទ្ធនាការបោះឆ្នោតទេដោយសារពួកគេមានឥទ្ធិពល ឬផ្តល់ឲ្យនូវកាតព្វកិច្ចពាក់ព័ន្ធនឹងការបោះឆ្នោតនៅដំណាក់កាលផ្សេងៗនៃដំណើរការបោះឆ្នោត។ វាគួរកត់សម្គាល់ផងដែរថា ខណៈច្បាប់នេះដាក់កំហិតអង្គការសង្គមស៊ីវិល វាមិនបានដាក់កំហិតវិស័យឯកជនពីការចូលរួមក្នុងសកម្មភាពនយោបាយទេ។
ទីបួន នៅពេលរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានសេរីភាពនៃការនិយាយស្តី រដ្ឋាភិបាលប្រាកដជាមិនអត់ឱនចំពោះការរិះគន់ទេ។ នៅក្នុងព្រះពុទ្ធសាសនាវិញ ការអត់ឱនគឺជាតម្លៃមូលដ្ឋាន នៅក្នុងសង្គមសេរី។ រដ្ឋធម្មនុញ្ញកម្ពុជាប្រកាសយ៉ាងច្បាស់ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ (មាត្រា ៤៣) ហេតុដូច្នេះហើយ ការអត់ឱន គឺជាតម្លៃស្នូលនៅក្នុងសង្គមកម្ពុជា ហើយសេរីភាពនៃការនិយាយស្តី គួរចេញពីតម្លៃនេះ។ នៅពេលយើងធ្វើការប្រៀបធៀបអំពីហេតុផលទាំងបួនខាងលើជាមួយនឹងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកសភាយើងនឹងដឹងអំពីចេតនានៃការដកសិទ្ធិសង្គមស៊ីវិលពីសេរីភាពនៃការបញ្ចេញមតិហើយវាមិនត្រឹមតែបំពានទៅលើស្មារតីរដ្ឋធម្មនុញ្ញទេ ប៉ុន្តែថែមទាំងធ្វើមិនឲ្យមានឱកាសនៃការបោះឆ្នោតដោយសេរីថែមទៀត៕
ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា