ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ស្នើ​ឲ្យ​រដ្ឋសភាកម្ពុជាពិចារណា​ចំណុច​រឹតបន្តឹង​សិទ្ធិសេរីភាព​ក្នុង​​ច្បាប់​បោះ​ឆ្នោត​ថ្មី​


Op-Ed: VOD Hot News

ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ស្នើ​ឲ្យ​រដ្ឋសភាកម្ពុជាពិចារណា​ចំណុច​រឹតបន្តឹង​សិទ្ធិសេរីភាព​ក្នុង​​ច្បាប់​បោះ​ឆ្នោត​ថ្មី​

ដោយ៖​ ទូច​ សុខា​ | ថ្ងៃចន្ទ ទី16 មិនា 2015 | 43 នាទី មុន

ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រ​ចាំ​កម្ពុជា លោក វាលៀម ថដ(William E. Todd

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រ​ចាំ​កម្ពុជាសម្តែង​ក្តី​បារម្ភ​របស់​ខ្លួន​ចំពោះ​ច្បាប់​បោះ​ឆ្នោតថ្មី ដែល​លោក​គិត​ថា​​បាន​​​រឹត​បន្តឹ​ង​សិទ្ធិសេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​របស់​ប្រ​ជា​ពល​រដ្ឋ និងសង្គម​ស៊ីវិល ដោយជំរុញ​​​ឲ្យ​សភា​​ពិចារណាឲ្យ​បាន​ល្អិត​ល្អន់​ចំពោះ​ផល​ប៉ះ​ពាល់​​លើសិទ្ធិសេរីភាពជា​មូលដ្ឋាន។​

ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រ​ចាំ​កម្ពុជា លោក វាលៀម ថដ(William E. Todd) បាន​សរសេរ​ដូច្នេះនៅ​ក្នុង​ប្លុក​​​របស់​លោក ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មី​នា។ លោក​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​ប្រ​ជា​​ពល​រដ្ឋ និង​អង្គការ​សង្គម​ស៊ីវិលមួយ​ចំនួន​ចំពោះ​ការ​កម្រិត​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និងការ​ជួប​ជុំ​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោតជ្រើស​តាំង​តំណាង​រាស្រ្ត​ថ្មីនេះ​។ លោកវាលៀមជំរុញ​ឲ្យ​រដ្ឋសភា​កម្ពុជាពិចារណា​​ដោយ​ល្អិត​ល្អន់​លើ​ចំណុច​ទាំង​​នេះ ដើម្បី​ជៀស​វាង​ផល​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​លើក​ក្រោយ និង​ប៉ះ​ពាល់​​​ដល់​​សិទ្ធិ​ជា​មួល​​ដ្ឋាននៃ​ការ​ជួប​ជុំ និង​បញ្ចេញ​មតិ។​

លោក​បាន​សរសេរនៅលើប្លុក​របស់លោកថា​«ខ្ញុំ​ត្រូវ​តែ​សារភាព​ថា​ខ្ញុំ​បារម្ភ​ និង​ហើយ​មិន​យល់​ថាតើ​ការ​កម្រិត​​​គឺ​ជា​ការ​ធ្វើ​ឲ្យ​ប្រសើរ​យ៉ាងម៉េច។ ខ្ញុំសង្ឃឹម​ និង​ជំរុញ​យ៉ាងមុតមាំ​ថា​រដ្ឋសភានឹងពិចារណា​ច្បាប់​ទាំង​ពីរថ្មី​នេះ​(ដែលគម្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ខែមីនា) ដោយ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ផល​ប៉ះ​ពាល់​ ដែល​​ការផ្លាស់​ប្តូរ​នេះ​​នឹង​មាន​ទៅ​ការបោះឆ្នោត​នៅពេលអនាគត។ ជាពិសេស​ឥទ្ធិពល​ទៅ​លើ​សិទ្ធិ​សេរី​ភាព​ជាមូលដ្ឋាន​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូលផ្តុំ»។​

កន្លងទៅ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ហ្ស​ង​ហ្វ្រង់​ស័រ កូតាំ​ង (Jean-François Cautain) ក៏​បាន​ស្នើ​ឲ្យ​ក្រុមការងារ​គណបក្ស​ទាំង​ពីរ ពិនិត្យ​លើ​ច្បាប់​ដាក់​ទោសទណ្ឌ​នោះ​ឡើងវិញ ដើម្បី​ធានា​ថាអង្គការ​សង្គម​ស៊ីវិល​មាន​សិទ្ធិ​ពេញលេញក្នុង​ការជំរុញឲ្យ​ដំណើរការ​បោះ​ឆ្នោត​មួយ​ប្រកបដោយ​តម្លាភាព។ លោក​បញ្ជាក់ថា​«​មាត្រា​ទី​៨៤​ស្តីពី​ច្បាប់​ក្នុង​ការបោះឆ្នោត​ថ្មី​នេះហាក់ដូចជា​ផ្ទុយទៅនឹង​មាត្រា​ទី​៤១​នៃ​រដ្ឋ​ធម្ម​នុញ្ញ ក៏ដូចជា​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទាក់ទង​ទៅ​នឹង​កតិកាសញ្ញា​សិទ្ធិ​ពលរដ្ឋ និង​នយោ​បាយ​​»។​

ក្នុងសេចក្តី​ព្រាង​សេចក្តី​​ស្នើរបស់​ច្បាប់​ស្តី​អំពី​ការ​ជ្រើស​តាំង​តំណាង​រាស្រ្ត ជំពូកទី៧ ត្រង់​មាត្រា៨៤ ​ចំណុច​​​មួយ​ចែង​ថាអង្គការ​មិន​មែន​រដ្ឋា​ភិ​បាល ឬ​សមាគមក្នុង​ស្រុក និង​សមាគម ឬ​អង្គការ​អន្តរជាតិ​ដែល​​បំពេញ​​ការ​ងារ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា មិន​ត្រូវ​និយាយ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រ​យោល ឬ​សរសេរ​ជា​​លា​យ​លក្ខណ៍​អក្សរ ក្នុង​ន័យ​ប្រមាថ មាក់​ងាយ​គណបក្ស​នយោ​បាយណាមួយ ឬ​បេក្ខ​ជន​ណា​ម្នាក់។​ ជំពូក​ទី១០ ត្រង់​មាត្រា១៤៨ ចែង​ថា​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត(គជប​) នឹង​​​ផាក​ពិន័យ​ជា​ប្រាក់​ពី​១០​​លានទៅ​២០​លាន​រៀល ចំពោះអង្គការ​មិន​មែន​រដ្ឋា​ភិ​បាល ឬ​សមាគមក្នុង​ស្រុក និង​សមាគម ឬ​​អង្គការ​អន្តរជាតិ​ដែលបាន​​ធ្វើ​សកម្ម​ភាព​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រ​យោល បំពាន​បញ្ញតិនៃ​មាត្រា៨៤នៃ​ច្បាប់​នេះ​។​ មាត្រា​ចែង​បន្ត​ថា​ការ​ទទួល​ខុសត្រូវ​ខាង​លើ មិន​លើក​លែង​ការ​ទទួល​ខុស​ត្រូវ​របស់​រូបវន្ត​បុគ្គលចំពោះ​អំពើ​ដដែល​ខាង​លើ ឬ​បទ​ល្មើស​ផ្សេង​ទៀតដែល​បញ្ញត្តិ​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌនោះ​ឡើយ។​

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា​ យល់​ថាច្បាប់​នេះ​នឹង​ទាញ​ទម្លាក់​ស្តង់​ដារ​សិទ្ធិ​សេរី​ភាព​របស់​ប្រ​ជាពល​រដ្ឋ ក្នុង​ការ​ចូល​រួមសកម្ម​ក្នុង​ជីវភាពយោ​បាយ  និង​សេរី​ភាព​បង្កើត​សមាគម និង​បញ្ចេ​មតិ ដែល​​ផ្ទុយ​ទៅ​នឹ​ង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។ ​លោក​ថា«…ហើយ​យើង​ទៅ​ដក​សេរី​ភាព​ហ្នឹង​ ហើយ​យើង​ថា​សកម្ម​​ភាព​របស់​គេ​ចូល​ក្នុងជីវភាព​នយោ​បាយ​​ហ្នឹង​សុទ្ធ​តែ​ជា​បទ​ល្មើស​ នេះ​ជា​ការ​រំលោភ​ធ្ងន់​ធ្ងរ ខ្ញុំ​គិត​ថា​យើង​​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ…យើង​ត្រូវ​តែ​គោរព​តាម​ស្តង់​ដារអន្តរ​ជាតិ ជាពិសេស​ច្បាប់​អន្តរជាតិ»

លោក​ គល់ បញ្ញា បន្ត​ថាសង្គម​ស៊ី​វិល​នឹង​បញ្ជូន​អនុសាសន៍​ទៅ​គ្រប់​តំណាង​រាស្រ្តទាំង​អស់​ ដើម្បី​ឲ្យ​ពួក​គាត់​​ពិចារណាទៅ​លើ​អនុសាសន៍​របស់​សង្គម​ស៊ីវិល​ទាក់ទង​ទៅ​នឹង​មាត្រា​មួយ​ចំនួន​ដែល​បាន​រឹតត្បិត​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​ប្រ​ជាពល​រដ្ឋ និង​សង្គម​ស៊ីវិល។ លោកថាសង្គម​ស៊ីវិលនឹង​​តាម​ដាន​មើល​ទៀត​ថា តើ​មា​ន​តំណាង​រាស្រ្ត​រូប​​ណា​ខ្លះ ដែល​បាន​ចូល​រួម​អនុម័ត​ច្បាប់​ ​ដក​សិទ្ធិ​របស់​ប្រ​ជាពល​រដ្ឋ ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ និង​​កត់​ត្រា​ឈ្មោះ​តំណាង​រាស្រ្ត​នោះ​ទុក​ជា​ប្រ​វត្តិសាស្រ្ត។​​

គួរ​រំឮកថា​ កាល​ពី​សប្តាហ៍​កន្លង​ទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើកឡើងគណបក្ស​ទាំងពីរ​នឹង​មិន​រៀប​ចំ​​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ច្បាប់​បោះឆ្នោត​ថ្មី​ម្ដងទៀត ​តាម​ការទាមទារ​របស់​សង្គម​ស៊ីវិល​នោះ​​ទេ។

តាមគម្រោង​រដ្ឋសភា​នឹង​ជជែក​ដេញ​ដោល​លើ​សេចក្តីព្រាង​ច្បាប់​នេះ​នៅ​ថ្ងៃ​ទី​១៩​ខែមីនា ឆ្នាំ​២០១៥​ខាងមុ​ខ​នេះ។ បើ​តាម​លោក កឹម សុខា អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជាអនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សេចក្តីព្រាង​ច្បាប់នេះ​​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ​ ​ដើម្បី​ឡាយព្រះហស្ថលេខា​នៅ​មុន​​ថ្ងៃទី​៣០ ខែ​មីនា​នេះ៕​