ឯកអគ្គរដ្ឋទូតអាមេរិកស្នើឲ្យរដ្ឋសភាកម្ពុជាពិចារណាចំណុចរឹតបន្តឹងសិទ្ធិសេរីភាពក្នុងច្បាប់បោះឆ្នោតថ្មី
Op-Ed: VOD Hot News
ឯកអគ្គរដ្ឋទូតអាមេរិកស្នើឲ្យរដ្ឋសភាកម្ពុជាពិចារណាចំណុចរឹតបន្តឹងសិទ្ធិសេរីភាពក្នុងច្បាប់បោះឆ្នោតថ្មី
ដោយ៖ ទូច សុខា | ថ្ងៃចន្ទ ទី16 មិនា 2015 | 43 នាទី មុន
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាសម្តែងក្តីបារម្ភរបស់ខ្លួនចំពោះច្បាប់បោះឆ្នោតថ្មី ដែលលោកគិតថាបានរឹតបន្តឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ដោយជំរុញឲ្យសភាពិចារណាឲ្យបានល្អិតល្អន់ចំពោះផលប៉ះពាល់លើសិទ្ធិសេរីភាពជាមូលដ្ឋាន។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក វាលៀម ថដ(William E. Todd) បានសរសេរដូច្នេះនៅក្នុងប្លុករបស់លោក ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា។ លោកបានលើកឡើងពីក្តីបារម្ភរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលមួយចំនួនចំពោះការកម្រិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំនៅក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តថ្មីនេះ។ លោកវាលៀមជំរុញឲ្យរដ្ឋសភាកម្ពុជាពិចារណាដោយល្អិតល្អន់លើចំណុចទាំងនេះ ដើម្បីជៀសវាងផលប៉ះពាល់ដល់ការបោះឆ្នោតលើកក្រោយ និងប៉ះពាល់ដល់សិទ្ធិជាមួលដ្ឋាននៃការជួបជុំ និងបញ្ចេញមតិ។
លោកបានសរសេរនៅលើប្លុករបស់លោកថា«ខ្ញុំត្រូវតែសារភាពថាខ្ញុំបារម្ភ និងហើយមិនយល់ថាតើការកម្រិតគឺជាការធ្វើឲ្យប្រសើរយ៉ាងម៉េច។ ខ្ញុំសង្ឃឹម និងជំរុញយ៉ាងមុតមាំថារដ្ឋសភានឹងពិចារណាច្បាប់ទាំងពីរថ្មីនេះ(ដែលគម្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ខែមីនា) ដោយពិចារណាឲ្យបានហ្មត់ចត់ចំពោះផលប៉ះពាល់ ដែលការផ្លាស់ប្តូរនេះនឹងមានទៅការបោះឆ្នោតនៅពេលអនាគត។ ជាពិសេសឥទ្ធិពលទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាននៃការបញ្ចេញមតិ និងការប្រមូលផ្តុំ»។
កន្លងទៅ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ហ្សងហ្វ្រង់ស័រ កូតាំង (Jean-François Cautain) ក៏បានស្នើឲ្យក្រុមការងារគណបក្សទាំងពីរ ពិនិត្យលើច្បាប់ដាក់ទោសទណ្ឌនោះឡើងវិញ ដើម្បីធានាថាអង្គការសង្គមស៊ីវិលមានសិទ្ធិពេញលេញក្នុងការជំរុញឲ្យដំណើរការបោះឆ្នោតមួយប្រកបដោយតម្លាភាព។ លោកបញ្ជាក់ថា«មាត្រាទី៨៤ស្តីពីច្បាប់ក្នុងការបោះឆ្នោតថ្មីនេះហាក់ដូចជាផ្ទុយទៅនឹងមាត្រាទី៤១នៃរដ្ឋធម្មនុញ្ញ ក៏ដូចជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងទៅនឹងកតិកាសញ្ញាសិទ្ធិពលរដ្ឋ និងនយោបាយ»។
ក្នុងសេចក្តីព្រាងសេចក្តីស្នើរបស់ច្បាប់ស្តីអំពីការជ្រើសតាំងតំណាងរាស្រ្ត ជំពូកទី៧ ត្រង់មាត្រា៨៤ ចំណុចមួយចែងថាអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងសមាគម ឬអង្គការអន្តរជាតិដែលបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រូវនិយាយដោយផ្ទាល់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរ ក្នុងន័យប្រមាថ មាក់ងាយគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។ ជំពូកទី១០ ត្រង់មាត្រា១៤៨ ចែងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) នឹងផាកពិន័យជាប្រាក់ពី១០លានទៅ២០លានរៀល ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងសមាគម ឬអង្គការអន្តរជាតិដែលបានធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោល បំពានបញ្ញតិនៃមាត្រា៨៤នៃច្បាប់នេះ។ មាត្រាចែងបន្តថាការទទួលខុសត្រូវខាងលើ មិនលើកលែងការទទួលខុសត្រូវរបស់រូបវន្តបុគ្គលចំពោះអំពើដដែលខាងលើ ឬបទល្មើសផ្សេងទៀតដែលបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌនោះឡើយ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា យល់ថាច្បាប់នេះនឹងទាញទម្លាក់ស្តង់ដារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមសកម្មក្នុងជីវភាពយោបាយ និងសេរីភាពបង្កើតសមាគម និងបញ្ចេមតិ ដែលផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ។ លោកថា«…ហើយយើងទៅដកសេរីភាពហ្នឹង ហើយយើងថាសកម្មភាពរបស់គេចូលក្នុងជីវភាពនយោបាយហ្នឹងសុទ្ធតែជាបទល្មើស នេះជាការរំលោភធ្ងន់ធ្ងរ ខ្ញុំគិតថាយើងត្រូវតែពិនិត្យឡើងវិញ…យើងត្រូវតែគោរពតាមស្តង់ដារអន្តរជាតិ ជាពិសេសច្បាប់អន្តរជាតិ»។
លោក គល់ បញ្ញា បន្តថាសង្គមស៊ីវិលនឹងបញ្ជូនអនុសាសន៍ទៅគ្រប់តំណាងរាស្រ្តទាំងអស់ ដើម្បីឲ្យពួកគាត់ពិចារណាទៅលើអនុសាសន៍របស់សង្គមស៊ីវិលទាក់ទងទៅនឹងមាត្រាមួយចំនួនដែលបានរឹតត្បិតសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល។ លោកថាសង្គមស៊ីវិលនឹងតាមដានមើលទៀតថា តើមានតំណាងរាស្រ្តរូបណាខ្លះ ដែលបានចូលរួមអនុម័តច្បាប់ ដកសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងកត់ត្រាឈ្មោះតំណាងរាស្រ្តនោះទុកជាប្រវត្តិសាស្រ្ត។
គួររំឮកថា កាលពីសប្តាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងគណបក្សទាំងពីរនឹងមិនរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើច្បាប់បោះឆ្នោតថ្មីម្ដងទៀត តាមការទាមទាររបស់សង្គមស៊ីវិលនោះទេ។
តាមគម្រោងរដ្ឋសភានឹងជជែកដេញដោលលើសេចក្តីព្រាងច្បាប់នេះនៅថ្ងៃទី១៩ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ។ បើតាមលោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា និងព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថលេខានៅមុនថ្ងៃទី៣០ ខែមីនានេះ៕